
- 2018-02-24 16:30:00
- វិភាគ
ផ្អែកលើកត្តា៣នេះ តើ ធឿន ធារ៉ា អាចប្រឡូកគ្រប់សង្វៀនថៃបានទេ?
- 2018-02-24 16:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អែកលើកត្តា៣នេះ តើ ធឿន ធារ៉ា អាចប្រឡូកគ្រប់សង្វៀនថៃបានទេ?
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេងកម្ពុជា ធឿន ធារ៉ាបានក្លាយជាកីឡាករប្រដាល់ម្នាក់គត់របស់កម្ពុជាដែលកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅលើទឹកដីប្រទេសថៃ។ រូបគេនៅក្មេង និងបទពិសោធតិច ប៉ុន្តែផ្អែកលើកត្តា៣ខាងក្រោម រូបគេអាចប្រឡូកក្នុងពិភពប្រដាល់នៅប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗនាពេលបច្ចុប្បន្ននេះ។
អាវុធសម្លាប់ដៃគូ ធឿន ធារ៉ាមានស្នៀតប្រកួតបានល្អចម្រុះតែម្តង។ ការប្រើកែងរបស់គេពិតជាមានប្រសិទ្ធភាព និងក្លាយជាអាវុធដ៏សំខាន់បំផុតរូបគេដើម្បីផ្តួលដៃគូប្រកួត។ ការប្រើកែងរបស់គេឃើញមាន២ក្បាច់គឺវាយកែងចេញពីចម្ងាយដែលអាចធ្វើឲ្យដៃគូដឹងមុន និងការប្រើកែងបានល្អទាំងពីរវាយគាស់លើគ្រាមរបស់ដៃគូពេលឱបគ្នា។ អាវុធសំខាន់មួយទៀតគឺកណ្តាប់ដៃដែលរូបគេអាចចេញបានយ៉ាងល្អ និងមានទម្ងន់ថែមទៀត។ ចំណែងជង្គង់ ទាត់ និងធាក់ក៏ជាផ្នែកដ៏សំខាន់សម្រាប់រូបគេក្នុងការវាយលុកផងដែរ។
បទពិសោធ មែនទែនទៅ អ្នកគាំទ្រកម្ពុជាចាប់អារម្មណ៍រូបគេខ្លាំងនៅពេលដែលកីឡាកររូបនេះលេចមុខវ៉ៃនៅលើទឹកដីថៃ ប៉ុន្តែតាមពិតរូបគេក៏ធ្លាប់វ៉ៃនៅកម្ពុជាតាំងពីមុនល្បីនៅថៃម្ល៉េះ។ ធារ៉ាធ្លាប់ប្រាប់ថា រូបគេធ្លាប់វ៉ៃបាន២៦ដង ឈ្នះ២៤ ស្មើ១ និងចាញ់១។ ក្នុងចំណោមប្រកួតទាំងអស់រូបគេធ្លាប់វ៉ៃនៅសង្វៀន Max Muay Thai បាន៩ដងដោយឈ្នះ៧ ស្មើ១ និងចាញ់១។ យ៉ាងណា បើតាមស្ថិតិរបស់ Max Muay Thai បង្ហាញថា រូបគេធ្លាប់វ៉ៃ៦៤គឺឈ្នះ៤៦ ស្មើ១ និងចាញ់១៦។
ទោះជាបទពិសោធលើសង្វៀនតិច បើប្រៀបធៀបនឹងកីឡាករល្បីៗផ្សេងទៀត ប៉ុន្តែភាគច្រើនជាការប្រកួតអន្តរជាតិ និងកម្មវិធីធំៗ។ ជាក់ស្តែងនៅទឹកដីថៃ រូបគេវ៉ៃតាំងពីគូធម្មតារហូតក្លាយជាគូពិសេស និងក្លាយជាគូឯកថែមទៀត ដូច្នេះមានន័យថា បទពិសោធលើសង្វៀន និងស្មារតីឡើងសង្វៀនធំៗ រូបគេជោកជាំហើយ។
កាយសម្បទា ធឿន ធារ៉ា អាយុទើប១៨ឆ្នាំ ប៉ុន្តែមានកម្ពស់១.៧៥ម៉ែត្រ និងទម្ងន់៧០គីឡូក្រាម។ តាមរយៈកម្ពស់ និងទម្ងន់នេះពិតណាស់ កីឡាករកម្ពុជារូបនេះសំបូរដៃគូជាជើងខ្លាំងច្រើនដូចកីឡាករថៃ ចិន កីឡាករនៅអាស៊ី និងកីឡាករមកពីតំបន់អឺរ៉ុបដែលសុទ្ធតែអាចវ៉ៃបាន។ កីឡាករដែលសម្បុរស្រអែមនេះមានកាយសម្បទាល្អណាស់ពោលគឺដៃជើងធំៗ និងរាងកាយមាំមួនដែលស័ក្ដិសមជាកីឡាករប្រដាល់បំផុត។
ទោះបីជាយ៉ាងណា អ្នកគាំទ្រសង្កេតឃើញថា ធឿន ធារ៉ានៅមិនទាន់មានគោលជំហរល្អគ្រប់លក្ខណៈឡើយ។ ជាទូទៅ រូបគេព្យាយាមចូលវ៉ៃ និងប្រើកម្លាំងកាយច្រើនជាងការប្រើល្បិចកល់ដែលជាហេតុធ្វើឲ្យដៃគូងាយកាច់ផ្តួល ដូច្នេះរូបគេត្រូវព្យាយាមពង្រឹងគោលជំហររបស់ខ្លួន៕