
- 2018-08-23 23:53:30
- ប្រដាល់
មឿន សុខហ៊ុច ធ្លាប់ឈឺចាប់ក្រោមដៃ Kreang Krai ម្ដងហើយ
- 2018-08-23 23:53:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មឿន សុខហ៊ុច ធ្លាប់ឈឺចាប់ក្រោមដៃ Kreang Krai ម្ដងហើយ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ មឿន សុខហ៊ុច ធ្លាប់ឈឺចាប់ក្រោមថ្វីដៃ Kreang Krai ម្ដងរួចហើយកាលពីប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាប៉ាវ នៅសង្វៀនអាស៊ីអាគ្នេយ៍កន្លងមក។ ចុះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ CNC អាទិត្យនេះ សុខហ៊ុច អាចទារបំណុលចាស់ ពីជើងខ្លាំងថៃខាងលើនេះបានវិញអត់ ឬបន្តឈឺចាប់ជាលើកទី២។
ជំនួបពាក់កណ្ដាលផ្ដាច់កាលពីខែមីនា ២០១៨ នៅអាស៊ីអាគ្នេយ៍ ជើងខ្លាំងថៃ Kreang Krai ទាត់ឲ្យមឿន សុខហ៊ុច ខូចជើងឆ្វេងនៅទឹកទី១ ធ្លាក់ត្រឹមវគ្គនេះតែម្ដងហើយ ខកឱកាសឡើងវគ្គផ្ដាច់ព្រ័ត្រយកលុយធំជាមួយ ជឹម ចិត្រា។
សុខហ៊ុច ត្រូវបានអ្នកទស្សនា និងកីឡាករដូចគ្នាទទួលស្គាល់ថា ជាអ្នកប្រដាល់ម្នាក់ដែលមានផ្លែធ្ងន់។ មិនថាស្នៀតទាត់ ឬកែងនោះទេ ពោលវ៉ៃចេញមួយៗមែន ប៉ុន្តែធ្ងន់តែម្ដង ខណៈក្បាច់ជង្គង់ និងកណ្ដាប់ដៃប្រើបន្ទាប់បន្សំនោះទេ។
ការប៉ះគ្នាវិលជុំសន្សំពិន្ទុក្នុងពូលនៅ CNCកន្លងទៅនេះ កីឡាករកម្ពុជាខាងលើ ហាក់ធ្វើបានល្អគួរសម ប៉ុន្តែបានត្រឹមឈ្នះពិន្ទុប្រផុតប្រផើយទៅលើ Krean Krai នោះទេ។ ការប្រកួតរវាងអ្នកទាំងនេះ មានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា ទាំងចេញស្នៀត ឬប្រើស្នៀតដៃគូ ប៉ុន្តែកីឡាករថៃឃើញទាត់ជើងក្រោម សុខហ៊ុច ច្រើនព្រោះធ្លាប់ឈ្នះដោយក្បាច់នេះម្ដងហើយ តែមិនសូវបានល្អនោះទេ។
Kreang Krai ជាអ្នកប្រដាល់ក្បាច់ម្នាក់របស់ថៃ មិនចេះតែវ៉ៃចេញនោះទេ ពោលចេញផ្លែមួយៗគឺធ្ងន់ និងភាគច្រើនបានផលតែម្ដង។ ដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺកម្លាំងល្អវ៉ៃពេញ៥ទឹកមិនធ្លាក់ ខណៈការទាត់ និងក្បាច់កាត់ដៃគូក៏ល្អដែរ ហើយជំហររឹងមាំទៀតផង។
បញ្ជាក់ផងដែរថា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ ISI ឈានដល់ថ្ងៃអាទិត្យទី២៦ សីហា ២០១៨ សប្ដាហ៍នេះហើយ គឺ មឿន សុខហ៊ុច ប៉ះ Kreang Krai ខណៈ ឆៃ សារ៉ា ប៉ះ Din Napho ប្រភេទទម្ងន់ ៦៥គីឡូក្រាម។ កីឡាកររូបណាឈ្នះនឹងបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រយកលេខ១ និងលេខ២៕