
- 2018-09-26 01:14:24
- វិភាគ
ការសម្រេចចិត្ត៤នៅកម្មវិធី Best FIFA Football Awards ដែលមិនសក្ដិសម
- 2018-09-26 01:14:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសម្រេចចិត្ត៤នៅកម្មវិធី Best FIFA Football Awards ដែលមិនសក្ដិសម
ចន្លោះមិនឃើញ
FIFA Award គឺជាកម្មវិធីប្រគល់ពានដល់កីឡាករប្រចាំឆ្នាំដ៏ធំរបស់ពិភពលោកដែលរៀបចំឡើងដោយសហព័ន្ធបាល់ទាត់ពិភពលោក ហើយមានការដាក់ពិន្ទុពីប្រធានក្រុមជម្រើសជាតិ, គ្រូបង្វឹក, អ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្របាល់ទាត់។
ជារៀងរាល់១ឆ្នាំម្ដងកម្មវិធីនេះតែងប្រារព្ធដោយផ្ដល់ពានជាច្រើនទៅតាមប្រភេទនីមួយៗដូចជា FIFA Best ផ្ដល់ឲ្យកីឡាករឆ្នើមផ្នែកបុរស និងផ្នែកនារី, ពានគ្រូបង្វឹកឆ្នើមក្រុមបុរស និងក្រុមនារី, ពានគ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ, ពានអ្នកចាំទីល្អបំផុតប្រចាំឆ្នាំ, ពានកីឡាករល្អបំផុតក្នុងក្រុម១១នាក់ ឬ FIFPro World XI និង ពាន FIFA Fair Play Award។
សម្រាប់ឆ្នាំ២០១៨នេះការប្រគល់ពានហាក់ខុសការរំពឹងទុករបស់អ្នកគាំទ្រដែលពួកគេយល់ថាមិនសក្ដិសម។ សូមមើលចំណុចទើសចិត្តទាំង៤នៅខាងក្រោម៖
#១ គ្មាន Salah និង De Bruyne ក្នុងបញ្ជី FIFPro XI
FIFPro XI គឺជាបញ្ជីឈ្មោះកីឡាករទាំង១១ល្អបំផុតរបស់ពិភពលោកដែលគេរើសចេញពីក្លឹបនានារួមបញ្ចូលក្នុងក្រុមតែមួយ។ Mohamed Salah គឺជាកីឡាករម្នាក់ក្នុងចំណោម៣នាក់ដែលឈានដល់ជុំចុងក្រោយដណ្ដើមពាន FIFA Best ជាមួយ Cristiano Ronaldo និង Luka Modric តែបែរជាគ្មានរូបគេនៅបញ្ជី FIFPro XI ទៅវិញ។ មួយទៀត Kevin De Bruyne ដែលជាកម្លាំងសំខាន់ ជួយ Manchester City បំបែកកំណត់ត្រាឈ្នះ Premier League និងនាំបែលហ្សិកឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup បែរជាគ្មានឈ្មោះដូច Salah ដែរ។
#២ Mohamed Salah ឈ្នះពាន Puskas
Mo Salah គ្មានឈ្មោះក្នុងបញ្ជី FIFPro XI គឺជារឿងងឿងឆ្ងល់មួយតែគ្រាប់បាល់ Salah ឈ្នះពាន Puskas កាន់តែជារឿងមិនសក្ដិសមថែមទៀត។ បាល់ឈ្នះពានគ្រាប់ល្អបំផុតរបស់ Salah គឺជាបាល់ញាក់ដាច់ខ្សែការពារ Everton និងស៊ុតបំប៉ោងរំលងអ្នកចាំទី។ បាល់នោះល្អតែបើថាល្អផ្ដាច់គេវាហាក់មិនសក្ដិសមឡើយ។បាល់គេរំពឹងថាឈ្នះ Puskas គឺបាល់ស៊ីហ្សូរបស់ Ronaldo ទល់ Juventus ឬបាល់ Bale ស៊ីហ្សូចូលទី Liverpool នៅវគ្គផ្ដាច់ព្រ័ត្រ Champions League ទៅវិញទេ។
#៣ Courtois ឈ្នះពានអ្នកចាំទីល្អបំផុតតែគ្មានឈ្មោះក្នុង FIFPro XI
Thibaut Courtois, Hugo Lloris និង Kasper Schmeichel ស្ថិតក្នុងបញ្ជីកីឡាករ៣នាក់ចុងក្រោយដណ្ដើមពានអ្នកចាំទីល្អបំផុតខណៈ David De Gea, Jan Oblak, Marc-André ter Stegen និង Alisson ត្រូវធ្លាក់ចេញ។ ទីបំផុត Courtois ក្លាយជាម្ចាស់ពាន ប៉ុន្តែសម្រាប់អ្នកចាំទីក្នុងក្រុម FIFPro XI មិនមែនជា Courtois តែជា De Gea របស់ Manchester United។
#៤ ការដាក់ Dani Alves ក្នុងបញ្ជី FIFPro XI
Dani Alves ពិតជាសក្ដិសមចូលក្នុងបញ្ជី FIFPro XI កាលពីឆ្នាំមុនៗប៉ុន្តែសម្រាប់ឆ្នាំនេះដំណែងខ្សែការពារស្ដាំនៅ FIFPro XI មិនគួរបានទៅរូបគេឡើយ។ Alves ជួយ PSG ឈ្នះលីគកំពូលបារាំងរួចក៏ញាំញីដោយសាររបួស រហូតអវត្តមាននៅ World Cup ថែមទៀត។ ខ្សែការពារស្ដាំដែលបង្ហាញទម្រង់លេងឈានដល់កម្រិតកំពូលដូចជា Kyle Walker, Dani Carvajal, Kieran Trippier, Joshua Kimmich, Trent Alexander-Arnold, Thomas Meunier និង Sergi Roberto សក្ដិសមឈ្នះតំណែងនៅ FIFPro XIជាង Dani Alves៕