
- 2021-06-21 00:46:39
- ព័ត៌មាន
ជួយត្រេកអរ! ស្រួង ភាវី ឈ្នះជើងឯក Blue One Resort LPBA Championship លើកដំបូង
- 2021-06-21 00:46:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួយត្រេកអរ! ស្រួង ភាវី ឈ្នះជើងឯក Blue One Resort LPBA Championship លើកដំបូង
ចន្លោះមិនឃើញ
កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានគ្រងតំណែងជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១ សិតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានប្រាក់រង្វាន់ជាង១ម៉ឺនដុល្លារ។
តាមការបញ្ជាក់របស់ ស្រួង ភាវី ការប្រកួតនេះបានធ្វើឡើងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ នេះជាលើកដំបូងហើយ ដែលលោកស្រីបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីលោកស្រីបានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល១ឆ្នាំ។
ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប ៦៤នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក។ ទម្រាំអាចបង្កើតកំណត់ត្រាថ្មីលើទឹកដីកូរ៉េ លោកស្រីបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ះកីឡាការិនីមានបទពិសោធយូរឆ្នាំ Kim Gayoung ហើយក្នុងការប្រកួតដណ្ដើមជើងឯក គឺកាន់តែស្វិតស្វាញថែមទៀត ដោយកីឡាការិនីកូរ៉េរូបនេះ បានបើកការនាំមុខ ១១-៧ពិន្ទុមុន នៅសិតទី១។ បន្ទាប់មកទើបកីឡាការិនី ស្រួង ភាវី វាយបកយកឈ្នះវិញ ៣សិតជាប់គ្នា ក្នុងពិន្ទុ ១១-៤, ១១-១០ និង ១១-៩ ដើម្បីគ្រងជើងឯកពានរង្វាន់ Blue One Resort LPBA Championship ។
លោកស្រី ស្រួង ភាវី បន្ដថា ការប្រកួតនេះពិតជាមានភាពតានតឹង និងការប្រកួតប្រជែងខ្លាំង បើធៀបនឹងការប្រកួតផ្សេងៗ នៅកូរ៉េ ដ្បិតកីឡាការិនីចូលរួម ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងសុទ្ធតែជាជើងខ្លាំង ទាំងកីឡាការិនីក្នុងស្រុក និងក្រៅស្រុក ដោយក្រុមហ៊ុនដែលបានចុះឈ្មោះចូលរួម ។ ដូច្នេះលោកស្រីពិតជាមានមោទនភាព និងបានចាត់ទុកសមិទ្ធផល ដែលកើតចេញពីការខិតខំប្រឹងប្រែងមួយនេះ គឺជាកាដូថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា រួមទាំងអ្នកគាំទ្ររបស់លោកស្រីនៅប្រទេសកូរ៉េផងដែរ។
ជាមួយការដណ្ដើមបានជើងឯកនេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ។ លើសពីនេះ ប្រជាជនកូរ៉េជាច្រើន បានសម្ដែងការគោរពស្រលាញ់ ហើយចាត់ទុក ភាវី គឺជា “នារីខ្លាំង” ម្នាក់ទៀតផង បន្ទាប់ពីនាងធ្លាប់ដណ្ដើមបានជើងឯកថ្នាក់ជាតិជាច្រើនសម័យ នៅសាធារណរដ្ឋកូរ៉េ មុនដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship លើប្រភេទកីឡាដ៏ពេញនិយមនៅកូរ៉េមួយនេះ៕
ប្រភព៖ CAMSOC