/62f9bcfc9afea_1660533960_medium.jpg)
- 2022-08-14 20:36:57
- កីឡាផ្សេងៗ
ងួន តាក់ ឈ្នះជនជាតិហ្វីលីពីនក្លាយជាជើងឯក LUX98-POOL 9-BALL OPEN 2022
- 2022-08-14 20:36:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងួន តាក់ ឈ្នះជនជាតិហ្វីលីពីនក្លាយជាជើងឯក LUX98-POOL 9-BALL OPEN 2022
ចន្លោះមិនឃើញ
ការប្រកួត LUX98-POOL 9-BALL OPEN 2022 បានយកឃើញជើងឯកហើយ ដែលធ្លាក់ទៅលើ ងួន តាក់ បន្ទាប់ពីយកឈ្នះជើងខ្លាំងជនជាតិហ្វីលីពីន Allen Jay ក្នុងលទ្ធផល៩ទល់៦ កាលពីម្សិលមិញនេះនៅទីតាំងស្នូកឃ័រកម្រិតស្តង់ដារអន្តរជាតិ LUX98 ។
ក្រោយការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃពេញ ព្រឹត្តិការណ៍ខាងលើបានរកឃើញជើងឯក ហើយសហព័ន្ធក៏បានរកឃើញអ្នកដែលមានទេពកោសល្យអាចយកមកបណ្ដុះបណ្ដាលបន្ថែមក្នុងការជំរុញវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។ ក្នុងឱកាសបិទកម្មវិធីកាលពីម្សិលមិញនេះលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រ កម្ពុជាបានឲ្យដឹងថា វាជាឆ្នាំចាប់ផ្ដើមដំបូងក្នុងការរៀបចំជើងឯកព្រឹត្តិការណ៍នេះ ប៉ុន្តែលោកសំគាល់ឃើញថា ពិតជាទទួលបានលទ្ធផលជាទីគាប់ចិត្ត ការប្រកួតទៀតសោតក៏បានរលូនល្អ ព្រោះថារយៈពេលខ្លីទេ តែអ្នកចូលរួមសុទ្ធតែជាជើងខ្លាំង ដែលធ្វើឲ្យការប្រកួតមានភាពជក់ចិត្តខ្លាំងមែនទែន។
អគ្គលេខាធិការដដែលជឿថា នៅពេលមានការរៀបចំលើកក្រោយៗទៀត នឹងកាន់តែអាចជ្រើសបានអ្នកខ្លាំងពូកែចូលរួមឲ្យបានច្រើនជាងបន្ថែមទៀត។ លោកក៏សូមធ្វើការលើកទឹកចិត្តដល់អ្នកដែលមិនទាន់បានចូលរួម សូមមកចូលរួមទាំងអស់គ្នា កុំមានការបារម្ភខ្លាចកីឡាករនេះឬកីឡាករនោះគេល្អជាងខ្លួនឡើយ ត្រូវប្រកាន់គោលជំហរស្នាក់ចិត្តចូលរួមលើកកម្ពស់កីឡាមួយនេះឲ្យមានភាពរីកចម្រើនទាំងអស់គ្នា ព្រោះបើសិនរវល់តែខ្លាចចេះខ្លាចចុះ នឹងហើយមិនបានចូលរួមទេ គេក៏មិនអាចដឹងពីកម្រិតសមត្ថភាពរបស់ខ្លួន។
លោកសំឡឹងឃើញថា ក្រោយការរៀបចំនេះក្នុងនាមសហព័ន្ធក៏បានមើលឃើញកីឡាករមានទេពកោសល្យរួចហើយដែរ ក្នុងការយកទៅបង្វឹកបន្ថែម ដើម្បីជាទិសដៅក្នុងការពង្រឹងសមត្ថភាពកីឡាករជាការត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានោះលោកពិតជាអរគុណទៅកាន់ក្លឹប Lux98 ដែលចូលរួមសហការផ្ដល់ទីតាំងប្រកួតយ៉ាងស្អាតកម្រិតស្តង់ដារអន្តរជាតិ និងរៀបចំការប្រកួតនេះបានយ៉ាងល្អក្រៃលែង។
ក្នុងឱកាសនោះដែរកញ្ញា ហេង ចាង អ្នកតំណាងរបស់ក្លឹបក៏បានធ្វើការអរគុណទៅកាន់កីឡាករទាំងអស់ដែលបានចូលរួមប្រកួត កញ្ញាជឿថា នឹងអាចរៀបចំការប្រកួតលើកក្រោយៗឲ្យកាន់តែពិសេសជាងលើកទី១នេះបន្ថែមទៀត។
ដោយឡែកជើងខ្លាំងដែលជាម្ចាស់ជើងឯក ងួន តាក់ វិញបានតាំងចិត្តថា នឹងព្យាយាមពង្រឹងសមត្ថភាពបន្ថែមទៀត ក្រោយពេលបានក្លាយជាបេក្ខភាពម្នាក់តំណាងឲ្យក្លឹបចូលរួមប្រកួត កីឡាជាតិឆ្នាំ២០២២ សម្រាប់ខែខាងមុខនេះ។ គេក៏បានប្ដេជ្ញាថា នឹងប្រឹងប្រែងដើម្បីអាចក្លាយជាកីឡាករជម្រើសជាតិ ដើម្បីអាចលេងតំណាងឲ្យជាតិសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
លទ្ធផល
លេខ១ បានទៅកីឡាករ ងួន តាក់
លេខ២ បានទៅកីឡាករ Allen Jay (ជនជាតិហ្វីលីពីន)
លេខ៣ បានទៅកីឡាករ លៀង យូ
លេខ១៖ ទទួលបានមេដាយ ពាន និងទឹកប្រាក់សុទ្ធ២លានរៀល រួមទាំងរង្វាន់ផ្សេងៗ។
លេខ២៖ ទទួលបានមេដាយ និងទឹកប្រាក់សុទ្ធ១លានរៀល រួមទាំងរង្វាន់ផ្សេងៗ ។
លេខ៣៖ ទទួលបានមេដាយ និងទឹកប្រាក់សុទ្ធ៥០ម៉ឺនរៀល រួមទាំងរង្វាន់ផ្សេងៗ ។
លេខ៤៖ ទទួលបានទឹកប្រាក់លើកទឹកចិត្តរួមទាំងរង្វាន់ផ្សេងៗស្មើនឹងទឹកប្រាក់ ២០ម៉ឺនរៀល ។
ចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានទឹកប្រាក់សុទ្ធ រួមទាំងរង្វាន់ផ្សេងៗស្មើនឹង ៨ម៉ឺនរៀល ។
ចូលដល់វគ្គផ្តាច់ព្រ័ត្រ ទួលបានទឹកប្រាក់សុទ្ធ រួមទាំងរង្វាន់ផ្សេងៗស្មើនឹង ១០ម៉ឺនរៀល ។