/63566f23656f7_1666608900_medium.jpg)
- 2022-10-24 04:58:57
- ព័ត៌មាន
Newcastle ឡើងប្រជែងពានជាមួយក្លឹបយក្សទាំង ៦ ក្រោយពីនាយករដ្ឋមន្ត្រីអារ៉ាបទិញក្លឹបបានមួយឆ្នាំ
- 2022-10-24 04:58:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Newcastle ឡើងប្រជែងពានជាមួយក្លឹបយក្សទាំង ៦ ក្រោយពីនាយករដ្ឋមន្ត្រីអារ៉ាបទិញក្លឹបបានមួយឆ្នាំ
ចន្លោះមិនឃើញ
កាលពីខែតុលា ឆ្នាំ២០២១ ក្លឹប Newcastle United ត្រូវបានលក់ទៅឱ្យសម្ព័ន្ធក្រុមហ៊ុនមួយដែលមានមូលនិធិវិនិយោគសាធារណៈ (PIF) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាអ្នកដឹកមុខ។ មួយឆ្នាំក្រោយមក ក្លឹបនេះបានឡើងឈរលេខ ៤ នៃតារាង Premier League ក្រោយយកឈ្នះក្លឹប Tottenham Hotspur កាលពីថ្ងៃអាទិត្យកន្លងទៅ។
ក្លឹបនេះមាន ២១ពិន្ទុក្នុងដៃ ស្របពេលដែលក្រុមលេខ ១ Arsenal មាន ២៨ពិន្ទុ។ ប្រសិនបើក្លឹបសារិកាកែវនេះអាចឈរជើងបានត្រឹមលេខ ៤ ដល់ចប់រដូវកាល២០២២/២៣ ក្លឹបនេះនឹងបង្ហាញមុខនៅវេទិកា UEFA Champions League ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ។
ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍នេះ បានធ្វើឱ្យអ្នកអត្ថាធិប្បាយបាល់ទាត់អង់គ្លេសចាប់ផ្ដើមវាយតម្លៃថា នៅអង់គ្លេសអាចនឹងមាន «ក្លឹបកំពូលទាំង ៧» ដោយរាប់ក្លឹបកំពូលចាស់ចំនួន ៦ បូកនឹង Newcastle។
បម្រែបម្រួលមួយនេះអាចមកពីការចាក់លុយយ៉ាងសន្ធឹកពីរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត តាមរយៈមូលនិធិសាធារណៈរបស់ខ្លួន។ Newcastle នៅពេលនេះស្ថិតក្រោមការដឹកនាំរបស់លោកYasir Al-Rumayyan ទេសាភិបាលរបស់មូលនិធិ PIF តែសារព័ត៌មានមួយចំនួនចុះផ្សាយថា ការទិញយកក្លឹបមួយនេះអាចទទួលបានភ្លើងខៀវពីសំណាក់ព្រះអង្គម្ចាស់ Mohammed bin Salman រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
មកទល់ពេលនេះ គេសង្កេតឃើញថា Newcastle ទើបតែផ្លាស់ប្ដូររចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំក្លឹប ដោយមិនទាន់មានការនាំចូលសមាសភាពកីឡាករថ្មីៗល្បីៗណាមួយឡើយ។ យ៉ាងណាមិញ គេនឹងទន្ទឹងរង់ចាំពីសកម្មភាពរបស់ក្លឹបនេះនៅក្នុងទីផ្សាររដូវរងាខាងមុខនេះ៕