• 2023-01-05 19:44:33
  • កីឡា​ផ្សេង​ៗ

ខេត្ត​មណ្ឌលគិរី៖​ នឹង​កាន់តែ​មាន​សក្ដានុពល​ផ្នែក​កីឡា​ទេសចរណ៍​ តាម​រយៈ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ខែមករា​នេះ​

  • 2023-01-05 19:44:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តមណ្ឌលគិរី​ ដែល​ល្បី​ថា​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​នា​ភាគឦសាន​ប្រទេស​នោះ​ នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ពី​សក្ដានុពល​កីឡា ​និង​ទេសចរណ៍​ទៅ​កាន់​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​បន្ថែម​តាមរយៈ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ សន្តិភាព​ ឆ្នាំ២០២៣ ​ពាក់​កណ្ដាល​ខែ​មករា​នេះ។​

ទិដ្ឋភាពប្រជុំពីការប្រកួត (រូបភាពផ្ដល់ជូន)

លោក​ ជាក់ ម៉េងហ៊ាង​ អភិបាលរង​ខេត្ត​មណ្ឌលគិរី​ បាន​បង្ហាញ​ការ​ជឿជាក់​ថា​ តាម​រយៈ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ សន្តិភាព​ ចាប់​ថ្ងៃ​ទី១៣-១៥ ​ខែមករា​ ឆ្នាំ២០២៣ ខាង​មុខ​នោះ​ នឹង​ចូលរួម​ផ្សព្វផ្សាយ​ពី​សក្ដានុពល​កីឡា​ និង​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ទៅ​កាន់​ភ្ញៀវ ទេសចរ​ជាតិ​ និង​អន្តរជាតិ​បន្ថែម​ទៀត។​

អភិបាលរងខេត្ត​ខាង​លើ​បន្ថែម​ទៀត​ថា​ លោក​ស្វាគមន៍​ព្រឹត្តិការណ៍​នេះ​យ៉ាង​ពេញ​ទំហឹង​ និង​គាំទ្រ​ជា​ខ្លាំងក៏​ដូច​ជា​ពេញ​ចិត្ត​ចំពោះ​ការ​ខិតខំ​រៀបចំ​នេះ ការ​ចំណាយ​ថវិកា​ដ៏​ច្រើន​នៃព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD នៅទីលាន ១២ម៉ូទ័រផាក។​

(រូបភាពផ្ដល់ជូន)

លោក ជាក់ ម៉េងហ៊ាង បានបន្តថា កីឡាករគ្រប់វិស័យទាំងអស់ គឺបានចូលរួមបង្ហាញពីអត្តសញ្ញាណជាតិ លើកស្ទួយកិត្យានុភាពជាតិនៅចំពោះមុខអន្តរជាតិនានា ហើយប្រសិនកីឡានោះមានការពេញនិយមខ្លាំង ក៏នឹងជួយផ្សព្វផ្សាយពីទីតាំង គោលដៅទេសចរណ៍ទៀតដែរ តួយ៉ាងដូចជាកីឡាប្រណាំងរថយន្តនេះជាដើម។

លោក សាន់ ដារិទ្ធ ប្រធានក្លឹប OFF ROAD គោព្រៃមណ្ឌលគិរី បានថ្លែងដែរថា «គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព ឆ្នាំ២០២៣នេះ គឺចង់ឱ្យខេត្តមណ្ឌលគិរីមានព្រឹត្តិការណ៍ធំ ផ្សព្វផ្សាយពីសក្ដានុពលក្នុងខេត្ត ហើយក៏ជាកាដូពិសេសមួយសម្រាប់លោក ថង សាវុន ដែលទើបមកកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី»

(រូបភាពផ្ដល់ជូន)

លោក សាន់ ដារិទ្ធ បានប្ដេជ្ញាខិតខំរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD សន្តិភាព ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរីនេះឱ្យបានល្អប្រសើរ រួមចំណែក្នុងការលើកស្ទួយមុខមាត់ខេត្ត ក៏ដូចជាមុខមាត់កម្ពុជា ខណៈព្រឹត្តិការណ៍ប្រណាំងរថយន្តនេះគឺជាព្រឹត្តិការណ៍លំដាប់អន្តរជាតិនៅអាស៉ី ហើយក៏មានកីឡាករជាតិនិងអន្តរជាតិចូលរួមច្រើនណាស់ដែរ។

(រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ប្រណាំង​រថយន្ត​ OFF ROAD សន្តិភាព នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣​ ដល់​ ១៥​ ខែ​មករា​ ឆ្នាំ​២០២៣​ នៅ​នៅទីលាន ១២ម៉ូទ័រផាក ក្នុង​ខេត្ត​មណ្ឌលគិរី។​ ការ​ប្រកួត​នេះ​គឺ​ត្រូវ​បាន​បែងចែក​ជា​ ៣ប្រភេទ​ (Class)​ រួម​មាន​ Class A ​សម្រាប់​កីឡាករ​ជំនាញ​ (Hard core),​ Class B​ កីឡាករ​មធ្យម​ (Light core)​ និង​ Class C​ សម្រាប់​កីឡាករ​ចូលរួម​ដំបូង (Overland)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់