
- 2023-03-27 06:32:21
- កីឡាផ្សេងៗ
ជនជាតិជប៉ុនទៀតហើយ! លោក Eiji Hatano សន្យានឹងជួយវិស័យកីឡាបេស្បលឲ្យកាន់តែរីកចម្រើន
- 2023-03-27 06:32:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជនជាតិជប៉ុនទៀតហើយ! លោក Eiji Hatano សន្យានឹងជួយវិស័យកីឡាបេស្បលឲ្យកាន់តែរីកចម្រើន
ចន្លោះមិនឃើញ
លោក Eiji Hatano ដែលជាជនជាតិជប៉ុន ព្រឹកមិញនេះបានចុះ MOU ជាមួយសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន និងមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ។
លោក Eiji Hatano ប្រធានក្រុមហ៊ុន OSILIS CAMBODIA & CJIC GRUOP បានឲ្យដឹងថា ដោយសារជាអ្នកលេងកីឡាមួយនេះតាំងពីនៅរៀនមកម្ល៉េះ ស្របពេលដែលបច្ចុប្បន្នលោកកំពុងធ្វើការនៅកម្ពុជាទៀតនោះជាឱកាលល្អមួយដែលលោកអាចចូលរួមជួយវិស័យកីឡាបេស្បលឲ្យរឹតតែរីកចម្រើនថែមទៀត។ ការជួយនេះក៏ជាការអបអរចំណងមិត្តភាពកម្ពុជា-ជប៉ុន ខួបទី៧០ឆ្នាំនៃទំនាក់ទំនងគ្នាផងដែរ។
ជនជាតិជប៉ុនខាងលើនេះបន្ថែមទៀតថា លោកនឹងឧបត្ថម្ភជាសម្ភារផ្សេងៗលើការហ្វឹកហាត់ក៏ដូចជាប្រកួតជាដើម។ បន្ថែមពីនេះលោកនឹងព្យាយាមនាំកីឡាករជម្រើសជាតិជប៉ុនដែលជាជើងខ្លាំងមកចែករំលែកបទពិសោធក៏ដូចជាបង្ហាត់បង្ហាញដល់យុវជន កីឡាករ កីឡាការិនីកម្ពុជានៅពេលសមស្របណាមួយ។
លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះសហព័ន្ធបានចុះ MOU ជាមួយក្រុមហ៊ុនជប៉ុនមួយក្នុងគោលបំណងជួយគ្នាលើការជំរុញអភិវឌ្ឍន៍កីឡាមួយនេះឲ្យរីកចម្រើន និងមានសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិពិសេសក្នុងតំបន់អាស៊ាននេះតែម្ដង។
បន្ថែមពីនេះទៀតគឺភាគីខាងជប៉ុននឹងឧបត្ថម្ភជាសម្ភារហ្វឹកហាត់ សម្ភារប្រកួត និងជួយស្វែងរកជំនួយផ្សេងៗដើម្បីជួយទ្រទ្រុងសហព័ន្ធឲ្យដំណើរការកាន់តែរីកចម្រើន សំបូរធនធានផងដែរ។ ដោយសារតែប្រទេសជប៉ុនគឺខ្លាំងវិស័យកីឡាបេស្បបលនេះលោកជឿជាក់ថាធនធានកីឡាករ កីឡាការិនីកម្ពុជានឹងមានសមត្ថភាពរីកចម្រើនជាបន្តបន្ទាប់។
បញ្ជាក់ដែរថា ការចុះ MOU រវាងសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា និងលោក Eiji Hatano ដែលជាជនជាតិជប៉ុននេះធ្វើឡើងកាលពីព្រឹកមិញនៅសាលប្រជុំជាប់វិមានក្នុងពហុកីឡដ្ឋានជាតិ។ ក្នុងនោះគឺមានវត្តមានប្រធានសហព័ន្ធ និងមន្ត្រីសហព័ន្ធ គ្រូបង្វឹកចូលរួមផងដែរ៕