
- 2015-05-07 08:23:25
- ព័ត៌មាន
ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ គ្រាន់តែឃើញផ្លូវ ចង់ចូលរួម
- 2015-05-07 08:23:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ គ្រាន់តែឃើញផ្លូវ ចង់ចូលរួម
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៥ ឆ្នាំ២០១៥ នឹងចាប់ផ្តើមនៅចុងខែឧសភានេះហើយនៅមុខព្រះបរមរាជវាំងដែលផ្លូវសម្រាប់រត់គឺនៅតាមមាត់ទន្លេ បណ្តោយផ្លូវព្រះសុធារសឆ្លងកាត់ស្ពានជ្រោយចង្វារ និងទៅត្រើយម្ខាង។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំរត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅទីស្នាក់ការ NOCC កាលពីម្សិលមិញថា ការរៀបចំរត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៥នេះនឹងធ្វើនៅថ្ងៃទី៣១ ខែឧសភា នៅរាជធានីភ្នំពេញ។
សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះពិតជាសំខាន់ណាស់ដោយបង្កប់អត្ថន័យ៥យ៉ាងគឺទីមួយដើម្បីអបអរសាទរថ្ងៃបុណ្យចម្រើនព្រះជន្មសម្តេចព្រះអគ្គមហេសី ព្រះវររាជមាតាជាតិខ្មែរ។ ទីពីរដើម្បីអបអរសាទរទិវាអូឡាំពិកលើកទី១២១ ទីបីរត់ដើម្បីទីក្រុងស្អាត ទីបួនរត់ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទីប្រាំគឺរត់ដើម្បីជំរុញវិស័យកីឡាឲ្យផុលផុសដល់មហាជនទូទៅ។
លោកអគ្គលេខាធិការបានលើកឡើងទៀតថា សម្រាប់ការរៀបចំលើកទី៥នេះរឹតតែពិសេស និងអធិកអធមជាងឆ្នាំកន្លងទៅ។ «ឆ្នាំនេះនឹងសប្បាយជាងឆ្នាំមុន គ្រាន់តែឃើញផ្លូវរត់ ដឹងថាចង់ចូលរួម ព្រោះយើងរៀបចំផ្លូវសម្រាប់រត់ពិសេសជាងឆ្នាំមុនៗពោលគឺរត់ពីមុខវាំងទៅវិមានឯករាជ្យ បន្តទៅតាមមហាវិថីព្រះនរោត្តមឆ្ពោះទៅវត្តភ្នំ បន្តឆ្លងស្ពានជ្រោងចង្វារចាស់ ទៅត្រើយម្ខាង បត់ស្តាំតាមមាត់ទន្លេទៅសណ្ឋាគារសុខា បត់ទៅតាមទន្លេមេគង្គ និងមកឆ្លងស្ពានជ្រោយចង្វារថ្មីវិញ ហើយរត់មកតាមមាត់ទន្លេរហូតទៅដល់កោះពេជ្រ មុនពេលត្រឡប់មកទីផ្តាច់ព្រ័ត្រនៅមុខវាំង»។
លោកបានឲ្យដឹងថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងនេះពិតជាសំខាន់សម្រាប់ប្រទេសនីមួយៗនៅលើសាកលលោក ប៉ុន្តែប្រជាជនកម្ពុជានៅមិនទាន់យល់ដឹងបានទូលំទូលាយនៅឡើយទេអំពីការរត់ម៉ារ៉ាតុង។ ប្រទេសដែលពេញនិយមខ្លាំងខាងរត់ម៉ារ៉ាតុងគឺនៅជប៉ុន និងសហរដ្ឋអាមេរិកដែលគ្រប់ខេត្ត ក្រុងទាំងអស់របស់គេគឺរៀបចំរត់ម៉ារ៉ាតុងរាល់ឆ្នាំ ហើយពលរដ្ឋរបស់គេចូលរួមរាប់ម៉ឺននាក់ និងរកប្រាក់ចំណូលបានរាប់លានដុល្លារ។
លោកថា ៖«នៅប្រទេសគេ ពលរដ្ឋរបស់គេត្រៀមខ្លួនរាប់ខែមុនដើម្បីចូលរួម ដូចជានៅជប៉ុនជាដើម ពេលរត់ម៉ារ៉ាតុងម្តងៗ មានអ្នកចូលរួម៤ទៅ៥ម៉ឺននាក់ អីចឹងហើយបានជាពលរដ្ឋជប៉ុនមានអត្រាអាយុវែងច្រើន សុខភាពល្អ ព្រោះរត់ជួយដល់សុខភាពច្រើន»។
លោកបានប្រាប់ថា គិតត្រឹមសប្តាហ៍នេះ មានអ្នកចុះឈ្មោះចូលរួមរត់ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៥ចំនួន១២៥០នាក់ហើយក្នុងនោះជនបរទេសចំនួន១៥០នាក់ ហើយលោកសង្ឃឹមថា នឹងមានអ្នកចូលរួមជាង៥ពាន់នាក់ ខណៈឆ្នាំ២០១៤កន្លងទៅមានអ្នកចូលរួមប្រហែល៤ពាន់នាក់ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា ប្រាក់រង្វាន់សម្រាប់ជយលាភីឆ្នាំនេះមានចំនួនតិចជាងឆ្នាំមុន ពីព្រោះដើម្បីសន្សំប្រាក់សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ វិញ្ញាសា២១គីឡូម៉ែត្រ ជយលាភីលេខ១ទទួលបានប្រាក់៣០០ដុល្លារ លេខ២ទទួលបាន២០០ដុល្លារ លេខ៣ទទួលបាន១០០ដុល្លារ។ វិញ្ញាសា១០គីឡូម៉ែត្រ លេខ១ទទួលបាន២០០ដុល្លារ លេខ២ទទួលបាន១០០ដុល្លារ លេខ៣ទទួលបាន៥០ដុល្លារ និងវិញ្ញាសា៣គីឡូម៉ែត្រទទួលបានរង្វាន់ជាសម្ភារៈ។
រហូតដល់ពេលនេះ លោកអ្នកនៅតែអាចចុះឈ្មោះចូលរួមរត់កម្សាន្តបានគឺនៅទីស្នាក់ការ NOCC នៅគ្រប់សាខា Chatime នៅ Cellcard និងតាមអនឡាញ www.phnompenhmarathon.org ឬ តាមទូរសព្ទ ០១៧ ៩១១ ១៥២ និង ០១៥ ៨២២ ៥៦៦៕
អត្ថបទ៖ ជាន ចាន់រ៉ា