• 2015-08-11 15:22:15
  • ប្រដាល់

តើ​គួរ​ឲ្យ ​សែន​ រ៉ាឌី ​​ជ្រើស​រើសយក ​​​​អាជីព​​​ប្រដាល់សេរី​ ​ឬ​ ​វ៉ូវីណាម?

  • 2015-08-11 15:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​ប្រដាល់​សេរី ​សែន រ៉ាឌី​ កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​សម្រាប់​ការ​ជ្រើស​រើស​យក​អាជីព​ពិត​ប្រាកដ​មួយ​រវាង​​ប្រដាល់​សេរី​​ និង​កីឡា​វ៉ូវីណាម​ បន្ទាប់​ពី​​​លោក​​ឈ្នះ​​​បាន​មេដាយ​មាស​ពិភព​លោក​នៅ​ប្រទេស​អាល់ហ្សេរី​កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ប្រដាល់​សេរី​ក៏​បាន​ធ្វើ​ឲ្យ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ដល់​សព្វ​ថ្ងៃ​ដែរ។

 

កីឡាករ សែន រ៉ាឌី (ស្តាំ) និង ម៉ាត់ ឆ្វេង (ឆ្វេង) កាន់​​មេដាយ​មាស និង​សំរឹទ្ធ​

 

​​ម្ចាស់​មេដាយ​​មាស​ពិភព​លោក​​កីឡា​វ៉ូវីណាម​​​ សែន រ៉ាឌី​ បាន​ឲ្យ​ដឹង​ថា​ លោក​​​​មិន​ទាន់​សម្រេច​ថា​នឹង​​បន្ត​អាជីព​ប្រដាល់​សេរី​​​ទៀត ឬ​ចាប់​យក​អាជីព​​ជា​កីឡាករ​វ៉ូវីណាម​​​​ឡើយ ។ ​សម្រាប់​​ចំណង់​ចំណូល​ចិត្ត​របស់​ រ៉ាឌី​ ផ្ទាល់​គិត​ថា ​ចង់​បន្ត​អាជីព​ទាំង​ពីរ​នេះ​​ក្នុង​ពេល​ជាមួយ​គ្នា​ ប៉ុន្តែ​​ប្រសិន​​​បើ​កីឡាករ​​ណា​ម្នាក់​​ហ្វឹកហាត់​កីឡា​​ពីរ​ប្រភេទ​ក្នុង​ពេល​តែ​មួយ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ​​។

 

​​​កីឡាករ​រូប​នេះ​បាន​បន្ត​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​គ្រូ​បង្ហាត់​​វ៉ូវីណាម​​របស់​​លោក​​បាន​ដាស់តឿន​​​ថា​ «ត្រូវ​តែ​គិត​ឲ្យ​បាន​ច្បាស់ ​និង​សម្រេច​ដោយ​ខ្លួន​ឯង​​​ថា​ គួរ​​ចាប់​យក​អាជីព​មួយ​ណា ​​ចង់​បន្ត​វ៉ូវីណាម ឬ​ចាប់​យក​ប្រដាល់​​សេរី ​បើ​រើស​ខុស​គឺ​ខុស​ បើ​រើស​ត្រូវ​​នឹង​ត្រូវ»។ ប៉ន្តែ​បើ​គិត​មក​ត្រឹម​ពេល​នេះ​​​ លោក​​​​មិន​ទាន់​​បាន​ឆ្លើយ​តប់​នឹង​សំនួរ​​​របស់​គ្រូ​​​ឡើយ។  

​​​ម្ចាស់​មេដាយ​៦​គ្រឿង​​​​ពី​ប្រភេទ​កីឡា​វ៉ូវីណាមរូប​នេះ​​បាន​លើក​ឡើង​ទៀត​ថា ​ប្រដាល់​សេរី​បាន​ដក់​ជាប់​ក្នុង​ចិត្ត​របស់​គេជា​និច្ច​ ហើយ​​គេ​មាន​ថ្ងៃ​នេះ​ក៏​ដោយ​សារ​កីឡា​ប្រដាល់​សេរី​​ដែរ​ ហេតុ​នេះ​ទើប​​ធ្វើ​ឲ្យ​​​គេ​ចង់​​ចាប់​យក​​អាជីព​ទាំង​ពីរ​​ក្នុង​ពេល​តែ​មួយ។ សែន​ រ៉ាឌី​បាន​ចាប់​ផ្ដើម​ហាត់​ប្រដាល់​សេរី​តាំង​ពី​ឆ្នាំ ២០០០ និង​​​​​ឆ្នាំ ២០១១​ ​រូប​គេ​បាន​ចាប់​ផ្ដើម​​ហ្វឹក​ហាត់ ​កីឡា​វ៉ូវីណាម។

 

​​​ឆ្នាំ​២០១១ ​សែន រ៉ាឌី ​បាន​​ចូល​រួម​​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ឥណ្ឌូណេស៊ី​​​លើ​ប្រភេទ​កីឡា​​វ៉ូវីណាម​​ និង​ទទួល​បាន​មេដាយ​ប្រាក់​១​គ្រឿង។ ឆ្នាំ​២០១២​​ ​​ការ​​ប្រកួត​ជើង​ឯក​​វ៉ូវីណាម​នៅ​ខេត្ត​សៀមរាប​ លោក​​ឈ្នះ​​មេដាយ​សំរឹទ្ធ១​គ្រឿង។ ឆ្នាំ​២០១៣ ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​មីយ៉ាន់ម៉ា លោក​​ឈ្នះ​​បាន​មេដាយ​សំរឹទ្ធ​១​គ្រឿង។ ​ឆ្នាំ២០១៤ ការ​ប្រកួត​ជើង​ឯក​​វ៉ូវីណាម​ពិភព​លោក​​នៅ​​ប្រទេសមីយ៉ាន់ម៉ា​ លោក​ទទួល​​បាន​មេដាយ​ប្រាក់​១គ្រឿង​ ​និង​​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​អាល់ហ្សេរី​ក្នុង​កម្ម​វិធី​ប្រកួត​កីឡា​វ៉ូវីណាម​​​ពិភព​លោក​រូប​គេ​ទទួល​​បាន​មេដាយ​មាស។ សរុប​ស្ថិតិ​​ ជើង​ខ្លាំង​ប្រដាល់​សេរី​រូប​នេះ​ចូល​រួម​ប្រកួត​កីឡា​វ៉ូវីណាម​៦​លើ​ក​ឈ្នះ​មេដាយ​ទាំង​​៦​​គ្រឿង​គឺ​​​មាស១ ​ប្រាក់២ ​និង​សំរឹទ្ធ៣​​៕

 
 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​

​​​​

មតិយោបល់