
- 2015-12-06 09:12:42
- ប្រដាល់
អ្នកគាំទ្រកម្ពុជាខកចិត្តក្នុងព្រឹត្តិការណ៍ Kingdom of Khmer យប់មិញ
- 2015-12-06 09:12:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រកម្ពុជាខកចិត្តក្នុងព្រឹត្តិការណ៍ Kingdom of Khmer យប់មិញ
ចន្លោះមិនឃើញ
អ្នកគាំទ្រកម្ពុជាទំនងជាសោកស្តាយ និងខកចិត្តមិនស្ទើរទេចំពោះព្រឹត្តិការណ៍ប្រកួតគុនចម្រុះក្នុងទ្រុងអន្តរជាតិ Kingdom of Khmer កាលពីយប់មិញនៅកោះពេជ្រ រាជធានីភ្នំពេញ បន្ទាប់ពីគូអន្តរជាតិ២គូរបស់កម្ពុជាទទួលរង់បរាជ័យទាំងអស់។
កីឡាការិនីកម្ពុជា សំ ថារ័ត្ន បានបរាជ័យក្រោមកណ្តាប់ដៃស្រីស្អាតមកពីប្រទេសឥណ្ឌានាង Jeet Toshi ដោយពិន្ទុដាច់តែម្តង បន្ទាប់ពីតស៊ូគ្នាយ៉ាងស្វិតស្វាយ១៥នាទីពេញ។ នៅទឹកទី១ និងទី២ កីឡាការិនីកម្ពុជាហាក់មានប្រៀបតិចតួចដោយសារបានទាត់ និងធាក់ចំកីឡាការិនីឥណ្ឌាដែលធ្វើឲ្យអ្នកគាំទ្រស្រែកហោយ៉ាងខ្លាំង។
ពីរទឹកដំបូងនេះ ទោះជា Toshi មានឱកាសនៅលើ សំ ថារ័ត្ន ជាញឹកញាប់ និងប្រើកណ្តាប់ដៃវាយផ្ទួនៗក៏ដោយ ក៏កីឡាការិនីម្ចាស់នៅតែអាចរើបម្រះ និងក្រឡាប់ខ្លួនឡើងជិះលើកីឡាការិនីភ្ញៀវវិញជាញឹកញាប់ដែរ។ មិនត្រឹមតែប៉ុណ្ណោះ ថារ័ត្ន បានប្រើជើងធាក់លើ Toshi ជាច្រើនដែលអ្នកគាំទ្រកម្ពុជាគិតថា កីឡាការិនីកម្ពុជាអាចនឹងទទួលបានជ័យជម្នះដោយសារមានប្រៀបជាង។
ផ្ទុយទៅវិញ ការរំពឹងទុករបស់អ្នកគាំទ្រកម្ពុជាបានរលាយបាត់សូន្យ បន្ទាប់ពីចូលទឹកទី៣ដែលជាទឹកផ្តាច់ព្រ័ត្រ សំ ថារ័ត្ន បានភ្លាត់ស្នៀតធ្វើឲ្យ Toshi លើកជិះពីលើ និងប្រើកណ្តាប់វាយលើមុខរបស់កីឡាការិនីកម្ពុជារាប់មិនអស់ ខណៈ ថារ័ត្ន ហាក់អស់កម្លាំង និងមិនអាចរើបម្រើពីការជិះរបស់គេបាន។ ទោះយ៉ាងណា សំ ថារ័ត្ន នៅអាចតស៊ូបានរហូតដល់ចប់ការប្រកួតដើម្បីទទួលបរាជ័យតែពិន្ទុប៉ុណ្ណោះ។
ចំណែកគូអន្តរជាតិទី២របស់កម្ពុជាពិតជាធ្វើឲ្យអ្នកគាំទ្រកម្ពុជាសោកស្តាយមិនស្ទើរទេ បន្ទាប់ពីអ្នកលេងគុនចម្រុះកម្ពុជា ចាន់ ហេង ត្រូវបានកីឡាករឥណ្ឌូណេស៊ីវាយឲ្យលោកអាជ្ញាកណ្តាលបញ្ឈប់នៅដើមទឹកទី១។ អ្នកលេងឆ្លងដែន Mario Satya Wirawan បានប្រើពេលតែ៦វិនាទីនៃទឹកទី១ប៉ុណ្ណោះក្នុងការវាយមួយដៃ និងទាត់មួយជើងដើម្បីឲ្យចាន់ ហេង អស់ឱកាសតែម្តង។ ការប្រកួតនេះជារឿងមួយដ៏សោកស្តាយបំផុត ដោយសារ ចាន់ ហេង មិនបានបញ្ចេញសមត្ថភាពផង។ ទោះបីជាលោកស្តាយចំពោះគូអន្តរជាតិរបស់កម្ពុជាយ៉ាងណាក៏ដោយ ក៏ការប្រកួតគូមិត្តភាពជាតិបានទាក់ទាញការចាប់អារម្មណ៍យ៉ាងពីអ្នកទស្សនា។ ជាពិសេសជាការជួបសងសឹករបស់ ចាន់ រតនា បានសម្រេចលើ សំអាង ឌុន។ លទ្ធផលគូផ្សេងទៀត ទម្ងន់៧០,៣គីឡូក្រាម: Lowen Tynanes ផ្តួល Rasul Yakhyaev ដោយស្នៀតក្លេឲ្យចុះចាញ់ (ក្លេបំពង់ខ្យល់) នៅនាទីទី ១:៤២ ក្នុងទឹកទី៣
ទម្ងន់៥៦,៧គីឡូក្រាម: Gianni Subba ផ្តួល Anatpong Bunrad ដោយពិន្ទុមិនឯកច្ឆន្ទ
ទម្ងន់៦១,២គីឡូក្រាម: Mario Satya Wirawan ផ្តួល ចាន់ ហេង នៅនាទី ទី ០:០៦ ក្នុងទឹកទី១
ទម្ងន់៦១,២គីឡូក្រាម: ចាន់ រតនា ផ្តួល សំ អាងឌុន ឲ្យសន្លប់ដោយបច្ចេកទេស (ដាល់) នៅនាទី ទី ៤:៣០ ក្នុងទឹកទី១ https://www.youtube.com/watch?v=vIBrx66huco&feature=youtu.be
ទម្ងន់៦១,២គីឡូក្រាម: មាស ម៉ើ ផ្តួល ចាន់ សំអាត ឲ្យសន្លប់ដោយបច្ចេកទេស (ដាល់) នៅនាទី ទី ១:១៤ ក្នុងទឹកទី១
ទម្ងន់៥៦,៧គីឡូក្រាម: ស៊ីម ប៊ុនស្រ៊ុន ផ្តួល ខុន ស៊ីចាន់ ដោយធ្វើឲ្យចុះចាញ់ (ក្លេដៃ) នៅនាទី ទី ៤:៥៥ នៃទឹកទី១
ទម្ងន់៤៨គីឡូក្រាម: Jeet Toshi យកឈ្នះលើ សំ ថារ័ត្ន ដោយពិន្ទុមិនឯកច្ឆន្ទ
ទម្ងន់៦៥,៨គីឡូក្រាម: សរ សី ផ្តួល ជីម ចិត្រា ឲ្យសន្លប់ដោយបច្ចេកទេស (ដាល់) នៅនាទី ទី ១:១២ ក្នុងទឹកទី២
ទម្ងន់៦៥,៨គីឡូក្រាម: រិន សារ័ត្ន ផ្តួល មីស្លីន អាលី ដោយការធ្វើឲ្យដៃគូចុះចាញ់ (ក្លេដៃ) នៅនាទី ទី ៣:៥២ ក្នុងទឹកទី១ ទម្ងន់៥៦,៧គីឡូក្រាម: វី ស្រីឆៃ ផ្តួល អេ យ៉ានុត ដោយពិន្ទុមិនឯកច្ឆន្ទ
អត្ថបទ៖ ជាន ចាន់រ៉ា