
- 2016-05-23 14:30:48
- ព័ត៌មាន
ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ រំពឹងបានជាង១ម៉ឺនដុល្លារជូនគន្ធបុប្ផា
- 2016-05-23 14:30:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិឆ្នាំនេះ រំពឹងបានជាង១ម៉ឺនដុល្លារជូនគន្ធបុប្ផា
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍រត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៦ ឆ្នាំ២០១៦ នេះ នឹងត្រូវរៀបចំឡើងនៅមុខព្រះបរមរាជវាំង តាមដងទន្លេមេគង្គនាថ្ងៃទី១២ ខែមិថុនាខាងមុខនេះ ដោយរំពឹងថានឹងទទួលការចូលរួមច្រើនកុះករពីមហាជន ដើម្បីប្រមូលប្រាក់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះថា សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងនេះ រៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងអបអរថ្ងៃបុណ្យចម្រើនព្រះជន្មសម្តេចព្រះអគ្គមហេសី ព្រះវររាជមាតាជាតិខ្មែរ អបអរសាទរទិវាអូឡាំពិកលើកទី១២២ និងរត់ដើម្បីទីក្រុងស្អាត ប្រមូលប្រាក់សម្រាប់មូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
អគ្គលេខាធិការបានលើកឡើងទៀតថា នៅឆ្នាំនេះ រំពឹងថានឹងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនកម្ពុជា ក៏ដូចជាជនបរទេសគ្រប់ប្រទេសដោយមិនមានការរើសអើងអ្វីនោះទេ ពោលគឺចូលរួមទាំងអស់គ្នា ដើម្បីជាការកម្សាន្ត និងបង្កើនសុខភាព។
“នៅឆ្នាំនេះ យើងសង្ឃឹមថានឹងទទួលបានការចូលរួមច្រើន... ដើម្បីឱ្យកម្មវិធីរីករាយផង និងបានប្រាក់ច្រើនដើម្បីជួយដល់គន្ធបុប្ផាផង។ យើងមានប្រាក់៥ពាន់ដុល្លាររួចស្រេចហើយ ដូច្នេះទម្រាំចប់កម្មវិធីរត់ប្រណាំង យើងសង្ឃឹមថានឹងអាចបានដល់ជាង១ម៉ឺនដុល្លារ”។ សម្ដីរបស់ឯកឧត្ដម វ៉ាត់ ចំរើន ។
គិតត្រឹមពេលបច្ចុប្បន្ននេះមានអ្នកចុះឈ្មោះជាង១ពាន់នាក់ហើយ ដោយក្នុងនោះមានជនជាតិបរទេសប្រមាណជាជាង១០០នាក់។ ការចុះឈ្មោះនេះប្រិយមិត្តអាចចុះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក តាមរយៈក្រុមហ៊ុន Smart Axiata និងហាងលក់ស្បែកជើង Skechers ។
ដោយការរត់ប្រណាំងមាន៣ដំណាក់កាល ដូច្នេះការចុះឈ្មោះក៏ត្រូវតម្រូវតាមនោះដែរ ដោយរត់ចម្ងាយ២១គីឡូម៉ែត្រ (បរទេស៤០ដុល្លារ ខ្មែរ១៥ដុល្លារ) រត់ចម្ងាយ១០គីឡូម៉ែត្រ (បរទេស៣០ដុល្លារ ខ្មែរ១០) និងរត់ចម្ងាយ៣គីឡូម៉ែត្រ (បរទេស១០ដុល្លារ ខ្មែរ៥ដុល្លារ)៕
អត្ថបទ៖ មុន្នី រម្យ