
- 2016-06-29 14:24:06
- ព័ត៌មាន
វ៉ាត់ ចំរើន ស្នើអ្នករត់ម៉ារ៉ាតុងលើកទី៣ នៅអង្គរចុះឈ្មោះឲ្យបានលឿន
- 2016-06-29 14:24:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាត់ ចំរើន ស្នើអ្នករត់ម៉ារ៉ាតុងលើកទី៣ នៅអង្គរចុះឈ្មោះឲ្យបានលឿន
ចន្លោះមិនឃើញ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានស្នើដល់អ្នកចង់ចូលរួម ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិលើកទី៣ នៅចក្រភពអង្គរ មេត្តាចុះឈ្មោះឲ្យបានលឿន ដែលធ្វើឡើងនៅទឹកដីប្រសាទអង្គរវត្តនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។
ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា សម្រាប់បរទេស ដែលចូលរួមទិវារត់ប្រណាំងផ្សេងៗ កន្លងមក តែងចុះឈ្មោះទាន់ពេលវេលាត្រឹមត្រូវ ប៉ុន្តែចំពោះប្រជាជនកម្ពុជាវិញច្រើនតែមិនចោលទម្លាប់ ដែលជិតដល់ថ្ងៃទៅចុះឈ្មោះ ឬដល់ថ្ងៃរត់បានទៅចុះឈ្មោះ។
អគ្គលេខាធិការរូបនេះបន្តថា ទិវារត់ប្រណាំងទាមទារការរៀបចំទុកជាមុនទើបធ្វើបានល្អ ហើយបើប្រជាជនជិតដល់ថ្ងៃបានទៅចុះឈ្មោះដូច្នេះ វាអាចនាំការលំបាកដល់គណៈកម្មការរៀបចំកម្មវិធី។ ហេតុនេះលោកសូមស្នើទៅកាន់ប្រជាជន ដែលមានបំណងចង់ចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងខាងមុខនេះ មេត្តាចុះឈ្មោះឲ្យបានលឿន ដើម្បីងាយស្រួលក្នុងការរៀបចំ ត្រៀមសម្រាប់អ្នកចូលរួមឲ្យបានល្អ។
ឯកឧត្តមបន្ថែមថា បើគិតមកដល់ពេលនេះមានជនបរទេសជាង ១ពាន់នាក់ហើយ ដែលបានចុះឈ្មោះរួចរាល់។ ដោយឡែកប្រជាជនខ្មែរវិញទើបតែចុះឈ្មោះបានប្រហែល ៤ទៅ៥រយនាក់តែប៉ុណ្ណោះ។ បើតាមការរំពឹងទុកឆ្នាំនេះ នឹងអាចមានការកើតឡើងចំនួនអ្នករត់ប្រហែល១០%។
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិលើកទី៣ នៅចក្រភពអង្គរមានកម្មវិធីរត់ ៤ប្រភេទចម្ងាយផ្លូវគឺ ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ សម្រាប់អ្នកចង់ចុះឈ្មោះអាចទំនាក់ទំនងតាមរយៈ www.angkorempiremarathon.org ពេលវេលាឈប់ទទួលការចុះឈ្មោះរហូតដល់ថ្ងៃរត់៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា