• 2017-08-24 01:38:36
  • ព័ត៌មាន

ឪពុក​អង់ដ្រេអា​ បង្ហើប​ថា​ កូន​ស្រី​ប៉ង​ឈាន​ដល់​​លេខ​​១០០​ពិភពលោក​ក្នុង​ពេល​៤​ឆ្នាំ​

  • 2017-08-24 01:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ កា រចនា ឪពុក​បង្កើត​​ម្ចាស់​មេដាយ​សំរឹទ្ធ​វាយ​កូន​បាល់​នារី​​ស៊ីហ្គេម​ កា​ អង់ដ្រេអា​ ដារ៉ាវី​ បង្ហើប​ថា​ កូន​ស្រី​ខ្លួន​ប៉ង​ប្រើ​ពេល​៤​ឆ្នាំ​​ ដើរ​​ប្រជែង​​​គ្រប់ព្រឹត្តិការណ៍​ផ្លូវការ​របស់​សហព័ន្ធ​វាយ​កូន​បាល់​អន្តរជាតិ​ ITF ដើម្បី​ឈាន​ទៅ​គ្រង​លេខ​រៀង​ទី​១០០​ ឬ​តិច​ជាង​នេះ​ ក្នុង​តារាង​ចំណាត់ថ្នាក់​កីឡា​ការិនី​វាយ​កូន​បាល់​ពិភពលោក World Ranking ។​

«ក្រោយ​​គាត់​​រៀន​​ចប់​​មហាវិទ្យាល័យ​​នៅ​​សាន់ហ្វ្រាន់​ស៊ីស្កូ​ សហរដ្ឋអាមេរិក​​ គាត់​​ដាក់​​ការងារ​ចោល​​សិន​​ ដោយ​សារ​​គាត់​​ស្រឡាញ់​​វាយ​​កូន​​បាល់​​តាំង​​ពី​​តូច។​ គាត់​​ចង់​​ប្រជែង​​មើល​​ក្នុង​​រយៈ​ពេល​​៣​​ទៅ​​៤​ឆ្នាំ​​ ថា​​តើ​​អាច​​ឈាន​​ដល់​​កម្រិត​​ណា​​ នេះ​​ជា​​បំណង​​ប្រាថ្នា​​ដ៏​​ធំ​របស់​​គាត់​​ ហើយ​​ខ្ញុំ​​ជា​​ឪពុក​​ម្ដាយ​​នៅ​​ចាំ​​ជួយ​​គាំទ្រ​​កូន​​ជា​និច្ច»។​ លោក​​ កា​​ រចនា​​ ឲ្យ​ដឹង​​បែប​​នេះ​​ ក្រោយ​​កូ​ន​​ស្រី​បញ្ចប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ តទល់​កីឡាការិនី​ហ្វីលីពីន។​

បុរស​វ័យ​​៦៤​​ឆ្នាំ​ដដែល​​ប្រាប់​​បន្ត​​ថា​​ អង់ដ្រេអា​​ បាន​​បង្ហាញ​​ភាព​​ភ្ញាក់​ផ្អើល​​ត្រឹម​​មួយ​​​​ឆ្នាំ​​ដំបូង​​ ដោយ​​ផ្ដើម​​ពី​​គ្មាន​​ចំណាត់​ថ្នាក់​​សោះ​ រហូត​​ឈ​រ​នៅ​​​ចំណាត់​ថ្នាក់​​ខ្ទង់​​៥០០​ក្នុង​​ឆ្នាំ​​នេះ​​។​ លោក​​ថា​​ កូន​​ស្រី​​បាន​​ចេញ​​ទៅ​​ប្រកួត​​ស្ទើរ​​គ្រប់​​ប្រទេស​​ ក្នុង​​ទ្វីប​​អឺរ៉ុប​​​ អាមេរិក​​ និង​​អាស៊ី​​ ហើយ​ក្នុង​​នាម​​ជា​​ឪពុក​​ម្ដាយ​​ លោក​​តែង​ផ្ដល់​កម្លាំង​ចិត្ត​ ឬ ជិះ​យន្ត​ទៅ​គាំទ្រ​ផ្ទាល់​តែ​ម្ដង​ ប្រសិន​​បើ​​កូន​​ស្រី​​ប្រកួត​​ក្នុង​​​តំបន់​​អាស៊ី​។​​ ​

ដោយ​ឡែក​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​នេះ​ អង់ដ្រេអា​ ជា​អត្តពលិក​វាយកូ​ន​បាល់​កម្ពុជា​តែ​មួយ​រូប​គត់​ ដែល​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​ ខណៈ​អត្តពលិក៧​រូប​ផ្សេង​ទៀត​ ពុំ​អាច​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​ឡើយ៕​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់