
- 2017-09-28 20:01:58
- ប្រដាល់
ហែម ម៉េងស្រ៊ុន ចង់បន្តអាជីពដូចឪពុក ថៃ រិទ្ធី
- 2017-09-28 20:01:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហែម ម៉េងស្រ៊ុន ចង់បន្តអាជីពដូចឪពុក ថៃ រិទ្ធី
ចន្លោះមិនឃើញ
កូនប្រុសបង្កើតអ្នកប្រដាល់គុនខ្មែរ និងជាអ្នកលេងក្បាច់គុនចម្រុះ ថៃ រិទ្ធី ឃើញឪពុកល្បីឈ្មោះ ហើយជាប់ឈាមជ័រជាអ្នកប្រដាល់ផងនោះ នៅពេលខាងមុខ ប្ដេជ្ញានឹងចូលប្រឡូកក្នុងវិស័យប្រដាល់ផងដែរ។
កុមារា ហែម ម៉េងស្រ៊ុន បានឲ្យដឹងថា នៅថ្ងៃអនាគតរូបគេនឹងសុំឪពុកម្ដាយចូលហ្វឹកហាត់ប្រដាល់ ព្រោះឥលូវនេះមានចំណូលចិត្តខ្លាំង។ ក្ដីបំណងចូលប្រដាល់នៅពេលខាងមុខនេះ គឺរំពឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយអាចមានឱកាសចេញទៅប្រកួតនៅឯក្រៅប្រទេសដូចឪពុក និងប្រកួតតំណាងឲ្យប្រទេសជាតិទៀតផង។ កូនប្រុស ថៃ រិទ្ធី បន្ថែមទៀតថា ដោយមើលឃើញថាកីឡាករប្រដាល់គុនខ្មែរ និងគុនចម្រុះមានល្បីល្បាញ ហើយរកប្រាក់ចំណូលបានច្រើន កត្តាទាំងនេះហើយទើបជំរុញទឹកចិត្តរបស់គេឲ្យរឹតតែស្រឡាញ់អាជីពឈឺខ្លួនមួយនេះ។
ចំណែកកីឡាករ ថៃ រិទ្ធី ក៏បានឲ្យដឹងដែរថា បើតាមចិត្តរបស់ខ្លួនមិនចង់ឲ្យកូនចូលប្រឡូកក្នុងវិស័យនេះទេ ព្រោះវាលំបាកណាស់ទម្រាំបាលុយត្រូវបែកមុខមាត់ ឬអាចជួបគ្រោះថ្នាក់ជាងនេះផង ប៉ុន្តែបើពួកគេស្រឡាញ់អាជីពនេះហើយ ក្នុងនាមជាឪពុកក៏មិនហាមឃាត់ដែរ តែត្រូវបន្តការសិក្សាឲ្យបានច្រើនដូចគ្នា។ មិនថា ម៉េងស្រ៊ុន ឬកូនប្រុសម្នាក់ទៀតទេ គឺពួកគេស្រឡាញ់វិស័យប្រដាល់ទាំងអស់ នៅពេលខ្លួនចាប់ផ្ដើមហាត់នោះ គឺពួកគេតែងតែមកមើល ឬហាត់ជាមួយជានិច្ច។
ថៃ រិទ្ធី ជាអ្នកប្រដាល់គុនខ្មែរ និងគុនចម្រុះ ហើយថ្មីៗនេះកីឡាកររូបនេះទើប និងឈ្នះកីឡាករម៉ាឡេស៊ីក្នុងកម្មវិធីប្រដាល់ក្នុងទ្រុងនៅឯប្រទេសឥណ្ឌូណេស៊ី។ គេមានកូនប្រុសចំនួន២នាក់ ទី១ ហែម ម៉េងស៊្រុន និងទី២ ហែម ម៉េងឡុង ហើយពួកគេក៏ជាក្មួយបង្កើតរបស់លោកគ្រូ ធន់ សុភា ផងដែរ៕