• 2018-09-07 04:12:51
  • បាល់ទាត់

គ្រូ​អេស្ប៉ាញ​ថ្មី ចាត់​ចែង​ក្រុម​ជម្រើស​ជាតិ​ តឹង​តែង​ជាង​មុន

  • 2018-09-07 04:12:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ Luis Enrique បាន​ដាក់​ចេញ​បទ​បញ្ជា​តឹង​តែង​មួយ​ចំនួន​លើ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ មុន​ត្រៀម​ប្រកួត​ក្នុង​កម្មវិធី UEFA Nations League។

លោក Enrique បាន​ដាក់​បម្រាម​ដូច​ជា ឈប់​ឲ្យ​មាន​ការ​ទំនេរ​នៅ​ពេល​ថ្ងៃ​រសៀល និង​ឈប់​ឲ្យ​មាន​ការ​លេង​ទូរស័ព្ទ​នៅ​អំឡុង​ពេល​ទទួល​ទាន​អាហារ។ ការ​ដាក់​បម្រាម​ទាំង​នេះ ធ្វើ​ឡើង​ក្រោយ​លោក​ធ្លាប់​បាន​និយាយ​កាល​ពី​ពេល​កន្លង​ទៅ​ថា លោក​ចង់​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ ឲ្យ​មាន​លក្ខណៈ​ដូច​ជា​ដឹកនាំ​ក្លឹប។

ក្រៅ​ពី​ការ​ដាក់​បម្រាម​មួយ​ចំនួន នៅ​ពេល​ហ្វឹក​ហាត់​វិញ លោក Enrique បាន​ទាម​ទារ​ក្រុម​កីឡាករ​ឲ្យ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។ លោក​ចង់​ឲ្យ​ពួក​គេ​ លេង​របៀប​ Tiki-taka ដោយ​គ្រប់​គ្រង​បាល់​ឲ្យ​ច្រើន ​ធ្វើ​ឲ្យ​បាល់​មាន​ចលនា​ជា​និច្ច ហើយ​ធ្វើ​ការ​សម្រុក​នៅ​ពេល​ដែល​មាន​ឱកាស។

ទោះ​ជា​តឹង​តែង​យ៉ាង​នេះ​ក្ដី កីឡាករ​អេស្ប៉ាញ​ដូច​ជា Sergio Roberto និង Alvero Morata សុទ្ធ​តែ​សរសើរ​អំពី​វិធី​ដឹកនាំ​របស់ លោក Luis Enrique។

បន្ថែម​ពី​ការ​ដាក់​វិន័យ​ លើ​ក្រុម​កីឡាករ លោក Enrique ក៏​មាន​ភាព​តឹង​តែង​លើ​ក្រុម​អ្នក​សារព័ត៌មាន​ផង​ដែរ​។ លោក​បាន​បញ្ជា​មិន​ឲ្យ​ការ​ថត​ សកម្មភាព​ហ្វឹកហាត់​របស់​ក្រុម​កីឡាករ​អេស្ប៉ាញ​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ ដោយ​មាន​ភាព​ច្របូក​ច្របល់​មួយ​ចំនួន​ក្នុង​តួនាទី​គ្រូ​បង្វឹក​នៅ​មុន​ World Cup ២០១៨ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ហាក់​ធ្វើ​មិន​បាន​ល្អឡើយក្នុងកម្មវិធីនោះ។ ក្រុម​បាន​ចាញ់​ម្ចាស់​ផ្ទះ​រុស្ស៊ី​ក្នុង​វគ្គ​ប៉េណាល់ទី​នៅ​វគ្គ ១៦ ក្រុម។

កាល​ពី​ដើម​ខែ​កក្កដា សហព័ន្ធ​អេស្ប៉ាញ​បាន​ធ្វើ​ការ​តែង​តាំង​លោក Luis Enrique ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ។ លោក​ត្រៀម​ដឹកនាំ​ប្រកួត​ដំបូងៗ​របស់​ខ្លួន​ក្នុង​ប្រកួត UEFA Nations League ប៉ះ​ជាមួយ​អង់គ្លេស និង​ក្រូអាត​នា​ពេល​ខាង​មុខ​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់