/Other(8)/Other(16)/63a138be39f7a_1671510180_medium.jpg)
- 2022-12-19 21:30:01
- បាល់ទះ
មានជំនឿចិត្តណាស់! លោកឆាស្មីតកំពូលកុកជឿជាក់ ៧០% លើកពានបាល់ទះ Slamball ឆ្នាំ២០២២
- 2022-12-19 21:30:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានជំនឿចិត្តណាស់! លោកឆាស្មីតកំពូលកុកជឿជាក់ ៧០% លើកពានបាល់ទះ Slamball ឆ្នាំ២០២២
ចន្លោះមិនឃើញ
អតីតអ្នកលេងបាល់ក្រៅផ្លូវការជំនាញជើងក្បាលដ៏ល្បីល្បាញអំឡុងឆ្នាំ ២០១០ ដល់ ២០១៤ និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុមបាល់ទះពង្រូលកំពង់ស្ពឺលោក សៅ សាមីត បានបង្ហាញអោយអ្នកគាំទ្របាល់ទះភ្ញាក់ផ្អើលក្នុងការដឹកនាំក្រុមខ្លួនឈ្នះពីរប្រកួតជាប់ៗគ្នា គឺឈ្នះលើក្រុមគោព្រៃកណ្ដាលម៉ាប់ឆ្វេង ពីរសិតទល់នឹងមួយសិត និងឈ្នះក្រុមនាគព្រៃវែងឌូកក្ដូពីរសិតទល់មួយសិត ជាក្រុមមានភាគរយខ្ពស់ឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ។
នៅសល់តែមួយប្រកួតទៀតប៉ុណ្ណោះ បើក្រុមពង្រូលកំពង់ស្ពឺឈ្នះក្រុមដំរីសៀមរាបបន្ទាយឈើ ពួកគេនឹងឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ ចំណុចនេះហើយទើបលោក សៅ សាមីត មានសង្ឃឹមឡើងវគ្គផ្ដាច់ព្រ័ត្រនិងសង្ឃឹមហូតដល់ ៧០% ក្នុងការលើកពានបាល់ទះ Slamball ដែលសហការរៀបចំដោយក្រុមហ៊ុនស្រាបៀ Anchor ក្រុមហ៊ុន Sabay Digital និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។
នៅថ្ងៃសៅរ៍ទី៨ ខែមករា ឆ្នាំ២០២៣ ខាងមុខ ក្រុមលោកគ្រូ សៅ សាមីត ឬប្រិយមិត្តស្គាល់ថាឆាស្មីតកំពូលកុកនឹងប៉ះជាមួយក្រុមដំរីសៀមរាបដែលលោកយល់ថា មិនពិបាកយកឈ្នះលើក្រុមរបស់លោកគ្រូ ឡេង ប្រុស ឡើយ។ រំពឹងខ្ពស់បែបនេះព្រោះលោកសំអាងលើកត្តាធំៗបីគឺទី១ សមត្ថភាពស្មាត់ក្រុមពង្រូលកំពង់ស្ពឺបាន ១០ ខាងដំរីសៀមរាបបាន ៧ ទី២រនាំងកំពង់ស្ពឺបាន ១០ ខាងដំរីសៀមរាបបាន ៧ និងទី៣ការការពារឬជើងក្រោមកំពង់ស្ពឺ ១០ ខណៈដំរីសៀមរាបបាន ៧ ប៉ុណ្ណោះ។
ចំណែកសមាសភាពរបស់ក្រុមពង្រូលកំពង់ស្ពឺមានកីឡាករល្បីៗដូចជាទូចអង្គរក្ស យុនស្រែស្រែ រាជ វិចិត្រប៉ះសេ និងកែវសុធារិទ្ធ រីឯក្រុមដំរីសៀមរាបមានក្បាលដែកបន្ទាយឈើ រស់ហាន់វ៉ា ឡាំយ៉ៃបីកាំបិត ង៉ូវ ប៉ញ្ញា និងត្រីឆ្លាំងប៉ះសេ។
បើក្រុមពង្រូលកំពង់ស្ពឺឈ្នះក្រុមដំរីសៀមរាប ឬក្រុមដំរីសៀមរាបឈ្នះក្រុមពង្រូលកំពង់ស្ពឺ នៅថ្ងៃសៅរ៍ទី៨ ខែមករា ឆ្នាំ២០២៣ ពួកគេនឹងឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រដូចគ្នាដែលនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ជ័យលាភីលេខ១ទទួលបានពានមួយ មេដាយមាសមួយ និងប្រាក់រង្វាន់ ៥,០០០ដុល្លារ ជើងឯករងបានប្រាក់រង្វាន់ ៣,០០០ដុល្លារ និងលេខ៣បានប្រាក់រង្វាន់ ១,៥០០ដុល្លាររួមជាមួយរង្វាន់ផ្សេងៗជាច្រើនទៀត៕