• 2023-04-02 22:02:20
  • បាល់ទាត់

កីឡា​បាល់ទាត់​នៅ​ស៊ីហ្គេម ផ្នែក​បុរស​មាន​១០​ក្រុម និង​នារី​៩​ក្រុម​ចូល​រួម​

  • 2023-04-02 22:02:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ដំណឹង​ផ្លូវការ​តែ​ម្ដង ​សម្រាប់​ការ​ប្រកួត​កីឡា​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០២៣​ខាង​មុខ​នេះ ​នឹង​មាន​ក្រុម​ផ្នែក​បុរស​១០​ក្រុម ​និង​នារី​៩​ក្រុម ដែល​ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ ​នា​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០២៣​នេះ​ហើយ។

​សម្រាប់​ប្រទេស​ ដែលបានចូលរួមលើប្រភេទកីឡាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ ក្នុង​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម​ ឆ្នាំ២០២៣នេះ គឺមាន ១០ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, ​មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម និងទីម័រខាងកើត ខណៈប្រទេសប្រ៊ុយណេ ពុំ​មិន​បានចូលរួមលើប្រភេទកីឡានេះទេ។

ដោយ​ឡែក​ ចំពោះកីឡាបាល់ទាត់នារីវិញ​ មាន ​៩​ប្រទេស​ចូលរួម ​ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម ចំណែកប្រ៊ុយណេ និង​ទីម័រ​ខាងកើត មិន​បាន​បញ្ជូន​ក្រុម​បាល់ទាត់នារី​របស់ខ្លួន មក​ចូលរួម​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្រ្ត ​លើក​ដំបូង​ នៅ​កម្ពុជា​នេះ​ទេ។

ចំពោះ​រូបមន្ត​នៃ​ការ​ចាប់ពូល​ ក៏​ដូចជា​ការបែងចែក​ប្រអប់ នឹង​ត្រូវ​បញ្ជាក់​ជូន​នៅ​ថ្ងៃ​ចាប់​ពូល​ផ្ទាល់​តែ​ម្ដង​។ លោក កែវ សារ៉េត ​អគ្គលេខា​ធិការ​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា​ បានថ្លែងថា៖ «នេះ​ជា​ការ​ចាប់​ពូល​មួយ ដែលយើងធ្វើទៅតាមលំនាំនៃការរៀបចំលក្ខណៈអន្តរជាតិ។ យើងមានទីប្រឹក្សា គឺ​ខាង​សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី អ៊ីចឹងគំនិតផ្ដួចផ្ដើមពីការរៀបចំចាប់ពូល យើង​ធ្វើ​តាម​លំនាំ​បច្ចេកទេស ដូចដែលយើងធ្លាប់បានធ្វើកន្លងមក គឺមានជាការបែងចែកប្រអប់ (Pot) រួច​កំណត់​តាម​សមិទ្ធផល នៃចំណាត់ថ្នាក់របស់ក្រុមនីមួយៗ នៅស៊ីហ្គេមចុងក្រោយ»។ ​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់