• 2023-05-18 22:56:55
  • បាល់ទាត់

កុមារ​កម្ពុជា​ ៤រូប​៖ ពិត​ជា​មាន​សំណាង​នឹង​កាន់​ដៃ​កីឡាករ​ Tottenham Hotspur នៅ​ Premier League ​ឆាប់ៗ​នេះ​

  • 2023-05-18 22:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ កីឡា​ការិនី​ថ្នាល​របស់​អង្គការ​ផ្កាយសមុទ្រ​ ៤​រូប​ ធ្វើ​ដំណើរ​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ចូលរួម​ធ្វើ​ជា​អ្នក​កាន់ដៃ​កីឡាករ​របស់​ក្រុម​បាល់ទាត់​ Tottenham Hotspur​ នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ Premier League។​

រូបភាពផ្ដល់ជូន

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ផ្កាយ​សមុទ្រ​ គឺ​កីឡាករ​ កីឡា​ការិនី​ថ្នាល​៤រូប​ដែល​បាន​ជ្រើសរើស​ទៅ​ប្រទេស​អង់គ្លេស​​ដើម្បី​ដឹកដៃ​កីឡាករ​ Tottenham Hotspur​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នៅ​ជំនួប​ជា​មួយ​ក្រុម​ Brentford។​ ចំពោះ​ការ​ចំណាយ​លើ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​កីឡាករ​ កីឡា​ការិនី ថ្នាល​ទាំង​៤រូប​នេះ​គឺ​ត្រូវ​បាន​ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​ AIA Group​ រួម​មាន​ថ្លៃ​សំបុត្រ​យន្តហោះ ​ទិដ្ឋាការ​ មធ្យោបាយ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ ​និង​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​កន្លែង​ជា​ច្រើន​ក្នុង​ទី​ក្រុង​ឡុងដ៍​ជាដើម។ ​ដោយ​ឡែក​ការ​ធ្វើ​ដំណើរ​នេះ​ក៏​ទទួល​បាន​ការ​គាំទ្រ​ និង​សម្របសម្រួល​ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ និង​សុខភាព​ AIA Cambodia ផង​ដែរ។​

ក្រុមបាល់ទាត់ Hotspur

នេះ​គឺ​ជា​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​បង្អស់​ក្នុង​ជីវិត​របស់​កីឡាករ​ កីឡា​ការិនី​ថ្នាល​ ៤រូបនេះ​ ដែល​សុទ្ធ​សឹង​តែ​មាន​ជីវភាព​ក្រីក្រ​បំផុត។​ ពេល​នេះ​ពួក​គេ​មាន​ឱកាស​កាន់​លិខិតឆ្លងដែន​ដែល​មាន​ភ្ជាប់​ទិដ្ឋាការ​ និង​អង្គុយ​លើ​កៅអី​យន្តហោះ​ជា​លើក​ដំបូង​ក្នុង​ឆាក​ជីវិត។ កុមារ​កម្ពុជា​ក្រីក្រ​ទាំង​នេះ​ទទួល​បាន​ការ​រៀន​សូត្រ​ឡើង​វិញ​ និង​បាន​បន្ត​ទៅ​រៀន​នៅ​សាលា​រដ្ឋ​ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​អង្គការ​ផ្កាយសមុទ្រ​ ដោយ​ពួក​គេ​ធ្លាប់​បាន​បោះបង់​ការសិក្សា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​ជួយ​រក​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ។​

រូបភាពផ្ដល់ជូន

ពី​ក្មេង​ដែល​ធ្លាប់​តែ​ទាត់​បាល់​លើ​ដី​វាល​មិនមាន​ស្មៅ​ក្នុង​សហគមន៍​ដែល​គេ​រស់នៅ​ហើយ​បាន​ក្លាយ​ជា​កុមារ​ ដែល​មាន​វាសនា​អាច​កាន់​ដៃ​កីឡាករ​ពិភពលោក​ល្បីៗ​ដើរ​នៅ​លើ​ទីលាន​ស្មៅ​ខៀវខ្ចី​របស់​ Premier League គឺ​ជា​ក្តី​ស្រមៃ ​ដែល​កុមារ​កម្ពុជា​ក្រីក្រ​ទាំង​៤រូប​នេះ​ពុំ​ធ្លាប់​បាន​គិត​ពី​មុន​មក​នោះ​ឡើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់