• 2017-10-19 20:00:19
  • បាល់ទាត់

អតីត​មន្ត្រីផ្នែក​​កីឡា​ព្រៃវែង​ចេញ​​លុយ​ផ្ទាល់​ខ្លួន​យកក្រុម​​សីដក់​មក​ប្រកួតនៅ​ភ្នំពេញ​

  • 2017-10-19 20:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ប្រធាន​ការិយាល័យ​អប់រំ​ កាយ​ និង​កីឡា​នៃ​មន្ទីរ​អប់រំ កាយ​ និង​កីឡា​ខេត្ត​ព្រៃវែង​បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ដើម្បី​ដឹក​នាំ​ក្រុម​កីឡា​សីដក់​ដែល​លោក​បាន​បង្កើត​មក​ចូល​រួម​ប្រកួត​​កីឡា​សីដក់​ឆ្នាំ​២០១៧​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២០​ ដល់​​២៥​ ខែ​តុលា​។

លោក គង់ សយ

លោក​ គង់​ សយ​ អតីត​ប្រធាន​ការិយាល័យ​ អប់រំ​ កាយ​ និង​កីឡា​ខេត្ត​ព្រៃវែង​ដែល​ទើប​​ចូល​និវត្តន៍​បាន​ឲ្យ​ដឹង​ថា​ ៖«អ្វី​ៗ​ទាំង​អស់​ដែល​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ហើយ​នោះ​មិន​ត្រូវ​ឲ្យ​រលាយ​ទៅ​វិញ​បាន​ដោយ​ងាយ​នោះ​ទេ  ទោះ​បី​ចូល​ខ្ញុំ​និវត្តន៍​ហើយ​ក៏​ដោយ។ ខ្ញុំ​សុខ​ចិត្ត​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​បង្កើត​ជា​ក្រុម​ ដឹក​នាំ​ក្រុម​សីដក់​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សីដក់​លើក​ទី​១​ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំពេញ​ ព្រោះ​កីឡា​សីដក់​នេះ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ជាប់​គ្នា​ ដណ្តើម​បាន​ពាន​ចំនួន​៤ ​មេដាយ​មាស​ ប្រាក់​ និង​សំរឹទ្ធ​ជា​ច្រើន​ ជូន​មន្ទីរ​ អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ មិន​ត្រូវ​បំភ្លេច​ចោល​នោះ​ទេ»។

លោក​បន្ថែម​ទៀត​ថា​ បើ​ទោះ​បី​ជា​ខ្វះ​ខាត​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​សុខ​ចិត្ត​ចំណាយ​លើ​ឯក​សណ្ឋាន​ក្រុម​ ស្បែក​ជើង​ ការ​ស្នាក់​នៅ​ និង​ការ​ធ្វើ​ដំណើរ​របស់​ក្រុម។

ជុំ​វិញ​បញ្ហា​នេះ​ដែរ​ លោក​ ទេស​ វិសាល​ ប្រធាន​ស្តីទី​ការិយាល័យ​​អប់រំ​កាយ​ និង​កីឡា​ នៃ​មន្ទីរ​អប់រំ​ កាយ​ និង​កីឡា​ខេត្ត​បាន​ប្រាប់​ថា តាម​ពិត​ទៅ​ខាង​ការិយាល័យ​អប់រំកាយ​ និង​កីឡា​ខេត្ត​ពិត​ជា​ចង់​ជួយ​ និង​ជ្រោម​ជ្រែង​ចូល​រួម​ការ​ប្រកួត​ខ្លាំង​ណាស់។ ប៉ុន្តែ​ក្រុម​សីដក់​ដែល​ត្រូវ​ចូល​រួម​ប្រកួត​កីឡា​សីដក់​លើក​ទី​១​ឆ្នាំ​២០១៧​នេះ​មិន​ស្ថិត​នៅ​ក្នុង​គម្រោង​ចំណាយ​របស់​ការិយាល័យ។ ម្យ៉ាង​វិញ​ទៀត​ ការិយាល័យ​​​កំពុង​គ្រោង​បញ្ជូន​ក្រុម​បាល់ទាត់​យុវជន​អាយុ​ក្រោម​១៤​ឆ្នាំ និង​ក្រុម​អាយុ​ក្រោម​១៦​ឆ្នាំ​ដើម្បី​ចូល​រួម​ប្រកួត​លីគ​បាល់ទាត់​យុវជន​កម្ពុជា​ដែល​គ្រោង​ធ្វើ​នា​ពេល​ខាង​មុខ​នេះ។ ដូច្នេះ​ការិយាល័យ​អប់រំ​កាយ​ និង​កីឡា​ខេត្ត​មិន​មាន​ថវិកា​សម្រាប់​លើ​ការ​ចំណាយ​ផ្សេង​ទៀត​ទេ។

ទោះ​​បី​ជា​យ៉ាង​ណា បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សហព័ន្ធ​កីឡា​សីដក់​ និង​ឈិន​ឡូន​កម្ពុជា​បាន​បញ្ជាក់​ថា ចំពោះ​ក្លឹប​នៅ​តាម​ខេត្ត​ សហព័ន្ធ​នឹង​ផ្ដល់​ជា​អាហារ​កញ្ចប់​ និង​ឧបត្ថម្ភ​ខេត្ត​ដែរ។

លោក​ គង់​ សយ​ អតីត​ប្រធាន​ការិយាល័យ​ អប់រំ​ កាយ​ និង​កីឡា​ខេត្ត​ព្រៃវែង​ត្រូវ​ដឹក​នាំ​ក្រុម​កីឡា​សីដក់​ផ្នែក​បុរស​​សម្រាប់​លេង​វិញ្ញាសា​បុរស​៣​នាក់​ទល់​នឹង​៣នាក់​​ចូល​រួម​ប្រកួត​កីឡា​សីដក់​លើក​ទី​១​ឆ្នាំ​២០១៧​នេះ​ដែល​ចាប់​ផ្តើម​ប្រកួត​ថ្ងៃ​ទី​២០​ ខែ​តុលា​នេះ​ហើយ៕

លោក​ គង់ សយ និង​ក្រុម​កីឡាករ
សេចក្តី​ប្រកាស​របស់​សហព័ន្ធ​សីដក់​ និង​ឈិនឡូន​កម្ពុជា​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់