
- 2014-09-18 17:59:02
- បាល់ទាត់
ចំណាត់ថ្នាក់ FIFA Ranking ខែនេះកម្ពុជាឡើងពីរលេខវិញ
- 2014-09-18 17:59:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណាត់ថ្នាក់ FIFA Ranking ខែនេះកម្ពុជាឡើងពីរលេខវិញ
ចន្លោះមិនឃើញ
ចំណាត់ថ្នាក់ក្រុមបាល់ទាត់ជម្រើសជាតិឈុតធំប្រចាំប្រទេសនីមួយៗនៅជុំវិញពិភពលោកនាខែកញ្ញានេះបានចេញជាផ្លូវការហើយ នៅប៉ុន្មានម៉ោងមុននេះ ដោយក្នុងនោះក្រុមជម្រើសជាតិកម្ពុជា បានហក់ឡើងចំនួនពីរលេខមកខាងលើវិញ បើប្រៀបធៀបជាមួយនឹងខែមុន។
កាលពីខែសីហាកន្លងទៅក្រុមជម្រើសជាតិកម្ពុជាបានធ្លាក់រហូតទៅដល់ចំណាត់ថ្នាក់លេខ២០១ ក្នុងចំណោមប្រទេស២០៩ ដែលជាចំណាត់ថ្នាក់ដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែក្រោយការប្រមូលផ្ដុំ និងបានធ្វើការប្រកួតមិត្តភាពទាំងលក្ខណៈជាតិ និងអន្តរជាតិកាលពីពេលថ្មីៗនេះ បានធ្វើឲ្យចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិបានឡើងមកកាន់លេខ១៩៩វិញ។
យ៉ាងណាក្ដី ចំណាត់ថ្នាក់នេះកម្ពុជានៅតែជាក្រុមដែលមានចំណាត់ថ្នាក់ទាបជាងគេ ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន។ ក្រុមដែលឈរលើគេក្នុងតំបន់អាស៊ាននៅតែជាហ្វីលីពីនដដែល ដោយឈរនៅចំណាត់ថ្នាក់លេខ១៣៤ ធ្លាក់ចុះ៦លេខ រីឯវៀតណាមឈរ១៤២ ធ្លាក់ចុះ៣លេខ ស្របពេលដែលមីយ៉ាន់ម៉ា ឡើង១៧លេខមកកាន់លេខ១៤៣។ ក្រុមនាគទាំង៤ខាងសេដ្ឋកិច្ចរបស់អាស៊ី សិង្ហបុរី ក៏ឡើងចំណាត់ថ្នាក់៣លេខដែរគឺមកឈរលេខ១៤៩។ ជាមួយគ្នានោះដែរម៉ាឡេស៊ីក៏ឡើងបាន១លេខមកកាន់លេខ១៥៤។ ដោយឡែក ឥណ្ឌូនេស៊ី ធ្លាក់ចុះ៣លេខ រីឯថៃធ្លាក់ចុះ១លេខ មកឈររៀងគ្នាលេខ១៥៦ និង១៥៨។
ក្រុមជាប់ភូមិផងរបងជាមួយ ជម្រើសជាតិឡាវ ឡើងបាន៣លេខ ទៅកាន់លេខ១៦៩។ ចំណែក ឯប្រ៊ុយណេ និងទីម័រខាងកើត ស្ថិតនៅចំណាត់ថ្នាក់លេខ១៩៣ដូចគ្នាដដែល។
ក្រឡេកទៅមើលក្រុមកំពូលតារាងវិញ អាល្លឺម៉ង់ នៅតែបន្តឈរកំពូលតារាងដដែល តាមពីក្រោយដោយ អាហ្សង់ទីន កូឡុំប៊ី ហូឡង់ បែលហ្ស៊ិក ប្រស៊ីល អ៊ុយរូហ្គាយ អេស្ប៉ាញ បារាំង ស្វីស ព័រទុយហ្គាល់ ស៊ីលី អ៊ីតាលី ក្រិក និងកូស្តារីកា ស្របពេលដែលអង់គ្លេសឡើងបានពីរលេខមកកាន់លេខ១៨។
ចំណាត់ថ្នាក់នេះត្រូវបានផ្ដល់ឲ្យដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA ដែលផ្ដោតជាសំខាន់លើសកម្មភាពរបស់ក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ ក្នុងការប្រកួតនានា៕
អត្ថបទ៖ អៀង សូទ្រី